រឿងដែលក្រាហ្វិចឌីស្សាញគួរធ្វើ (DO) និងមិនគួរធ្វើ (DON’T)
តើអ្នកធ្លាប់ស្រមៃថានឹងគ្មានក្រាហ្វិចឌីស្សាញនៅលើលោកនេះដែរ ឬទេ? សាកស្រមៃថាបើសិនលើពិភពលោកនេះគ្មានវត្តមានរបស់ក្រាហ្វិចឌីស្សាញទេសោភ័ណភាពផែនដីនេះនឹងទៅជាយ៉ាងណា? ប្រសិនបើមាននរណាម្នាក់និយាយថាឌីស្សាញគ្រាន់តែជាការគូររូបលេងនៅលើកុំព្យួទ័រប៉ុណ្ណោះ សូមអ្នកនិយាយប្រាប់គេវិញថាការងាររបស់ខ្ញុំវាមិនស្រួលដូចដែលអ្នកបានគិតទេ ព្រោះអាជីពជាក្រាហ្វិចឌីស្សាញគឺត្រូវការការតស៊ូ អំណត់ ឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋ និងត្រូវបំផុសគំនិតថ្មីជាប្រចាំដើម្បីសម្រេចបានលទ្ធផលចុងក្រោយ។ ប្រសិនបើអ្នកសម្រេចចិត្តចាប់យកអាជីពមួយនេះ នោះអ្នកនឹងមើលឃើញពិភពលោកនេះមិនដូចមុនទៀតឡើយ អ្នកនឹងពិនិត្យមើល និងវាយតម្លៃយ៉ាងល្អិតល្អន់គ្រប់ ផ្លាកសញ្ញា ផ្លាំងប៉ាណូ ក្របសៀវភៅ ទស្សនាវដ្តី បញ្ជីរាយមុខម្ហូប និងស្នាដៃឌីស្សាញផ្សេងៗទៀត ដែលអ្នកបានជូបប្រទះទាំងអស់។ នៅអត្តបទខាងក្រោមនេះនឹងរៀបរាប់រឿងមួយចំនួនដែលគ្រប់ក្រាហ្វិចឌីស្សាញទាំងអស់គួរធ្វើ និងមិនគួរធ្វើ៖
គួរធ្វើ៖ ពិនិត្យមើលជុំវិញខ្លួនរបស់អ្នក និងមើលទៅពិភពលោក ថា តើបច្ចុប្បន្នការឌីស្សាញប្រភេទណាដែលអាចទាក់ទាញចិត្តអតិថិជនបាន។
មិនគួរធ្វើ៖ លួចយកស្នាដៃឌីស្សាញរបស់អ្នកដទៃ។ ការងារមួយនេះពិតណាស់ថាអ្នកគួរមើលស្នាដៃឌីស្សាញរបស់អ្នកដទៃ ប៉ុន្តែក្នុងន័យដើម្បីបំផុសគំនិតរបស់ខ្លួនឯងប៉ុណ្ណោះ មិនមែនក្នុងន័យយកស្នាដៃរបស់គេមកចំលងតាមទាំងស្រុងនោះទេ ការធ្វើបែបនេះបង្ហាញថាអ្នកមិនបានគោរពទឹកដៃរបស់អ្នកដទៃ ហើយអ្នកក៏មិនបានអភិវឌ្ឍន៍ខ្លួន និងបង្កើតគំនិតដែលជារបស់ខ្លួនឯងផងដែរ។
គួរធ្វើ៖ ប្រើប្រាស់ពុម្ពអក្សរដែលច្បាស់ និងងាយស្រួលកអាន។
មិនគួរធ្វើ៖ កុំប្រើប្រាស់ពុម្ពអក្សរឲ្យលើសពី៣ ក្នុងការឌីស្សាញរូបមួយផ្លាំង ព្រោះវាធ្វើឲ្យបាត់បង់សោភ័ណភាព និងធ្វើឲ្យបាត់បង់ការទាញចំណាប់អារម្មណ៍ពីអតិថិជន។
គួរធ្វើ៖ គួរដាក់ និងជ្រើសរើសរូបភាពឲ្យទាក់ភ្នែកក្នុងផ្លាំងឌីស្សាញរបស់អ្នក។ ខួរក្បាលមនុស្សយើងអាចចងចាំរូបភាពបាន យូរជាងអក្សរ ដូច្នេះអ្នកគួរឌីស្សាញ ឬក៏ជ្រើសរើសរូបភាពណាដែលអតិថិជនមើលស្នាដៃរបស់អ្នករួចហើយក្លាយជាការចងចំាដែលមិនអាចបំភ្លេចបាន។
មិនគួរធ្វើ៖ ជៀសវាងការដាក់រូបភាពច្រើនពេករហូតដល់មើលមិនយល់។ គោលបំណងនៃការឌីស្សាញគឺដើម្បីបញ្ជូនខ្លឹមសារទៅកាន់អ្នកមើល ប្រសិនបើយើងដាក់រូបច្រើនពេកវានឹងមើលទៅរញ៉េរញ៉ៃ និងចាកន័យខ្លឹមសារដែលយើងចង់ឲ្យពួកគេដឹង។
គួរធ្វើ៖ ប្រើប្រាស់រូបភាពពី គេហទំព័រស្តុករូបភាព។ មានគេហទំព័រស្តុករូបភាពរាប់ពាន់ដែលអ្នកអាចស្វែងរករូបភាពស្រស់ស្អាត និងមានគុណភាពល្អដែលអ្នកត្រូវការដូចជាគេហទំព័រ shutterstock.com ជាដើមក៏ប៉ុន្តែអ្នកត្រូវចំណាយលុយខ្លះដើម្បីបានវាមក។
មិនគួរធ្វើ៖ កុំប្រើប្រាស់រូបភាពដែលទាញយកពីគេហទំព័រ google ពីព្រោះទីមួយរូបភាពទាំងអស់នោះជាកម្មសិទ្ធរបស់អ្នកដទៃ និងទីពីរគុណភាពរូបមិនច្បាស់ល្អ។ សូមចងចាំថាដើម្បីឲ្យការឌីស្សាញមានគុណភាព គឺត្រូវការរូបភាពដែលមានគុណភាពដូចគ្នា។
គួរធ្វើ៖ សូមជ្រើសរើសពណ៌ឲ្យបានត្រឹមត្រួវ។ ពណ៌មានសារៈសំខាន់ខ្លាំងណាស់ចំពោះការឌីស្សាញ ព្រោះវាជាផ្នែកមួយដែលធ្វើផ្លាំងឌីស្សាញរបស់យើងមានសោភ័ណភាព និងមានភាពរស់រវើក ប្រសិនបើយើងមិនយកចិត្តទុកដាក់នឹងចំណុចនេះទេ យើងកំពុងបំផ្លាញផ្ទាំងឌីស្សាញរបស់យើងទាំងស្រុងហើយ។
មិនគួរធ្វើ៖ ជៀសវាងការប្រើពណ៌តាមតែចិត្តយើងចង់បាន។ ជាទូទៅការជ្រើសពណ៌គឺរើសឲ្យត្រូវជាមួយនឹងប្រធានបទ ឧទាហរណ៍ ប្រធានបទការឌីស្សាញសម្រាប់រដូវស្លឹកឈើជ្រុះ អ្នកមិនគួរប្រីពណ៌បៃតង ឬពណ៌ផ្កាឈូកនោះទេ ពីព្រោះពណ៌ទាំងពីរនេះវាសាកសមនឹងប្រើក្នុងប្រធានបទរដូវផ្ការីកជាង។
គួរធ្វើ៖ ចូរអ្នកគិត និងគូរនៅលើក្រដាសព្រាងឲ្យរួចស្រេច មុនពេលធ្វើការឌីស្សាញវានៅលើកម្មវិធីកុំព្យួទ័រ។ ការធ្វើបែបនេះវាចំណាយពេលយូរបន្តិចមែន តែវានឹងផ្តល់ផលប្រយោជន៍ជាច្រើននៅពេលក្រោយ។
មិនគួរធ្វើ៖ ជៀសវាងចូលទៅឌីស្សាញលើកម្មវិធីកុំព្យួទ័រ (Photoshop/illustrator/inDesign) ដោយមិនបានព្រាងទុកមុន។
គួរធ្វើ៖ ត្រូវឧស្សាហ៍វឹកហាត់ និងបំផុសគំនិតថ្មីតាមតែអាចធ្វើទៅបាន ពីព្រោះការឌីស្សាញគឺត្រូវការធ្វើឲ្យប្លែក និងថ្មីជានិច្ច។
មិនគួរធ្វើ៖ កុំប្រើប្រាស់គំនិតដដែលៗលើគ្រប់ការឌីស្សាញរបស់អ្នកទាំងអស់។ មានទស្សនៈមួយលើកឡើងថា “ទំលាប់គឺជាសត្រូវរបស់ការច្នៃប្រតិដ្ឋ” ប្រសិនបើអ្នកប្រើគំនិត ពុម្ពអក្សរ និថទម្រង់ឌីស្សាញដដែលៗនោះអ្នកកំពុងតែសម្លាប់ការច្នៃប្រតិដ្ឋរបស់អ្នកហើយ។ ត្រូវសាកល្បងអ្វីដែលថ្មី យើងមិនអាចទស្សន៍ទាយចិត្តរបស់អតិថិជននូវអ្វីដែលគេចូលចិត្ត និងមិនចូលចិត្តទុកមុន នូវអ្វីដែលពួកគេមិនទាន់បានឃើញនោះទេ។
ទាំងអស់នេះវាគ្រាន់តែជាចំណុចមួយចំនួនដែលរាល់ក្រាហ្វិចឌីស្សាញទាំងអស់គួរធ្វើ និងគួរជៀសវាងប៉ុណ្ណោះ នូវមានរឿងជាច្រើនទៀតដែលអ្នកគួរឈ្វេងយល់ដោយខ្លួនឯងប្រសិនបើអ្នកស្រលាញ់អាជីពនេះ។ យើងសង្ឃឹមថាអត្តបទនេះនឹងអាចជួយការងាររបស់អ្នកឲ្យកាន់តែរីកចម្រើនខ្លាំងថែមមួយកម្រិតទៀត។
No comments: